វេយ្យាករណ៍ខ្មែរ



ការរៀបចំក្បួនភាសាខ្មែរចាត់ជាសេចក្តីចាំបាច់សម្រាប់ជួយសម្រាលភាពស្មុគស្មាញអំពីការប្រើពាក្យភាសា ខ្មែរ ភាសាខ្មែរ ឬ  ខេមរភាសាមានការរីកចម្រើនមកជាលំដាប់ទៅតាមយុគសម័យ ប៉ុន្តែភាសាខ្មែរត្រូវបាន មនុស្សខ្មែរប្រើប្រាស់ទៅខុសក្បួនខ្លះត្រូវក្បួនខ្លះ ហេតុនោះដើម្បីជាផ្នែកមួយនៃការជួយសម្រាលរឿងភាសា ខ្មែរ ស្មេរគិតថាការសរសេរក្បួនភាសាខ្មែរចាត់ជាសេចក្តីចាំបាច់ ភាសាខ្មែរពាក់ព័ន្ធនឹងភាសាបាលី និង សំស្ក្រឹតយ៉ាងជ្រាលជ្រៅដែលយើងមិនអាចដកខ្លួនរួចពីភាសាទាំងនេះបាន ព្រោះបាលីនិងសំស្រ្កឹតគឺជា ជម្រុកវប្បធម៌និងអក្សរសាស្ត្រខ្មែរ របៀបបែបផែនវេយ្យាករណ៍ខ្មែរដែលព្រះបោរាណាចារ្យបានរៀបរៀងទុក សុទ្ធតែយកបែបបទភាសាបាលីនិងសំស្ក្រឹតមកជាមេបទក្នុងការរៀបរៀង ហេតុដូច្នេះ  អ្នកដែលមិនជាក់លាក់ ក្នុងរឿងភាសាបាលីនិងសំស្ក្រឹតតែងតែខុសឆ្គងរឿងអក្ខរាវិរុទ្ធដោយចៀសមិនផុត ។

រឿងដំបូងដែលត្រូវសិក្សានិងចងចាំ គឺ រឿងព្យញ្ជនៈ មានន័យថា រឿងអក្សរ ឬ អក្ខរៈ ក្នុងភាសាខ្មែរ មាន ព្យញ្ជនៈ ៣៦ តួ  ដើម្បីងាយស្រួលក្នុងការចងចាំ ព្រះបោរាណាចារ្យបានចែកព្យញ្ជនៈទាំង ៣៦ តួនេះជា ២ វគ្គ គឺ ព្យញ្ជនៈវគ្គ និង ព្យញ្ជនៈអវគ្គ ដោយព្យញ្ជនៈវគ្គមាន ២៥ តួ និង ព្យញ្ជនៈអវគ្គមាន ១១ តួ ។

ព្យញ្ជនៈ ប្រែថា អក្សរ ឬ ស្នាមគំនូស វគ្គ ប្រែថា ពួក ឬ ក្រុម ហេតុនោះ ព្យញ្ជនៈវគ្គ ប្រែថា អក្សរដែល ចាត់តាមពួកឬក្រុមមិនឲ្យខ្ចាត់ខ្ចាយដើម្បីងាយស្រួលក្នុងការចំណាំ ។

ព្យញ្ជនៈវគ្គ គឺ ព្យញ្ជនៈដែលចាត់ជាពួកជាក្រុម ចាត់ជាប្រព័ន្ធច្បាស់លាស់ មាន ២៥ តួ គឺ 

-ក ខ គ ឃ ង ហៅថា ក-វគ្គ ឬ ហៅថា ពួក-ក ។

-ច ឆ ជ ឈ ញ ហៅថា ច-វគ្គ ឬ ហៅថា ពួក-ច ។

-ដ ឋ ឌ ឍ ណ ហៅថា ដ-វគ្គ ឬ ហៅថា ពួក-ដ។ 

-ត ថ ទ ធ ន ហៅថា ត-វគ្គ ឬ ហៅថា ពួក-ត។

-ប ផ ព ភ ម ហៅថា ប-វគ្គ ឬ ហៅថា ពួក-ប។

អធិប្បាយថា ក,ច,ដ,ត,ប ចាត់ជាព្យញ្ជនៈនៅមុខព្យញ្ជនៈដទៃទៀត ហេតុនោះទើបត្រូវបានកំណត់ តែងតាំងជាប្រមុខនៃព្យញ្ជនៈទាំងពួង ហៅថា ក-វគ្គ, ច-វគ្គ, ដ-វគ្គ, ត-វគ្គ និង ប-វគ្គ ។

ង,ញ,ណ,ន,ម ចាត់ជាព្យញ្ជនៈនៅចុងក្រោយគេ ទើបហៅថា ព្យញ្ជនៈវគ្គន្តៈ គឺ ព្យញ្ជនៈចុងវគ្គ ។

ព្យញ្ជនៈទាំង ២៥ តួនេះឯងនឹងត្រូវបំបែកទៅជាព្យញ្ជនៈតម្រួត គឺ ការយកព្យញ្ជនៈ ២ តួមកដាក់ត្រួតលើគ្នា ។

សំណួរសួរថាតើហេតុអ្វីបានជាភាសាខ្មែរមានព្យញ្ជនៈតម្រួត ? បើសរសេរមិនតម្រួតបានឬទេ បើមិនបាន ព្រោះហេតុអ្វី? 

ការដែលភាសាខ្មែរមានព្យញ្ជនៈតម្រួត ព្រោះព្រះបោរាណាចារ្យជាតិខ្មែរបានយកត្រាប់តាមបែបផែន វេយ្យាករណ៍ភាសាបាលី និង សំស្ក្រឹត ភាសាទាំង ២ នេះឯងជាមេបទក្នុងការសាងរូបបែបអក្សរខ្មែរ ឬថា ចាត់ជាមេពុម្ពអក្សរខ្មែរក៏បាន ការដែលយើងមិនអាចសរសេរអក្សរមិនតម្រួតបានព្រោះមិនមានផ្លូវណានឹង ឲ្យគេចចេញពីបាលីនិងសំស្ក្រឹតបាន សិលាចារឹកសុទ្ធតែចារឹកអក្សរខ្មែរជាព្យញ្ជនៈតម្រួត ក្នុងគម្ពីរក្បួន ច្បាប់ព្រះពុទ្ធសាសនានិងហិណ្ឌូសុទ្ធតែមានព្យញ្ជនៈតម្រួតទាំងអស់ ហេតុនោះអក្សរតម្រួតស្ថិតនៅពាស វាលពាសកាលក្នុងវប្បធម៌ខ្មែរនិងអក្សរសាស្ត្រខ្មែរ យើងមិនអាចដើរចេញពីវប្បធម៌ដូនតាបានទេ ។

អក្សរខ្មែរចាត់ជាកេរដំណែលដូនតាដែលបន្សល់ទុកមកឲ្យយើង ហេតុនោះកេរដំណែលនេះត្រូវតែរក្សា ទុកជាយូរអង្វែងតទៅ ។

តួអក្សរនីមួយៗ ហៅថា ព្យញ្ជនៈ អក្សរ ក ហៅថា ព្យញ្ជនៈ ក ជាដើម ។

ការដែលនឹងយល់ដឹងព្យញ្ជនៈតម្រួតបានច្បាស់លាស់ ចាំបាច់ត្រូវសង្កេតពិនិត្យ និង រាប់ព្យញ្ជនៈឲ្យបាន ត្រឹមត្រូវជាមុនសិន ពោលគឺ រាប់ព្យញ្ជនៈ កជាទី ១ ខជាទី ២ គជាទី ៣ ឃជាទី ៤ ងជាទី ៥

ព្យញ្ជនៈ ចជាទី ១ ឆជាទី ២ ជជាទី ៣ ឈជាទី ៤ ញជាទី ៥

ព្យញ្ជនៈ ដជាទី ១ ឋជាទី ២ ឌជាទី ៣ ឍជាទី ៤ ណជាទី ៥

ព្យញ្ជនៈ តជាទី ១ ថជាទី ២ ទជាទី ៣ ធជាទី ៤ នជាទី ៥

ព្យញ្ជនៈ បជាទី ១ ផជាទី ២ ពជាទី ៣ ភជាទី ៤ មជាទី ៥

ការស្គាល់ទីតាំងរបស់ព្យញ្ជនៈនីមួយៗថាឈរនៅលំដាប់លេខណាចាត់ជាការចាំបាច់ព្រោះនឹងធ្វើឲ្យអាច តម្រួតព្យញ្ជនៈបានយ៉ាងត្រឹមត្រូវ

ព្យញ្ជនៈសំយោគ ឬ ព្យញ្ជនៈសញ្ញោគ បានដល់ ការផ្គុំព្យញ្ជនៈបញ្ចូលគ្នាដោយឲ្យព្យញ្ជនៈមួយ នៅលើព្យញ្ជនៈមួយទៀតនៅក្រោម ហៅថា ព្យញ្ជនៈតម្រួត គឺ យកព្យញ្ជនៈវគ្គមកដាក់ត្រួតលើគ្នាតាម វគ្គស្នើរបស់ខ្លួន ។

វិធីតម្រួតព្យញ្ជនៈចាប់ពី ២ តួឡើងទៅហៅថា សំយោគវិធាន ។ 

១.តម្រួតព្យញ្ជនៈវគ្គ កវគ្គ[ក,ខ,គ,ឃ,ង] 

១.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 

អធិប្បាយថា ក ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ ក បានជាក្ក ,កជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ ខ បានជាក្ខ ហៅឲ្យស្រួលចាំមាត់ថា ក ត្រួតលើក, ក ត្រួតលើ ខ ។ 

១.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ ។

អធិប្បាយថា គ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ គ បានជា គ្គ, គ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ ឃបានជា គ្ឃ ហៅឲ្យស្រួលចាំមាត់ថា គ ត្រួតលើគ, គ ត្រួត លើឃ  ។ 

១.៣ ព្យញ្ជនៈទី ៥ គឺ ង មិនអាចត្រួតលើខ្លួនឯងបានទេ ប៉ុន្តែអាចត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 

អធិប្បាយថា ង ជាព្យញ្ជនៈទី ៥ ឬ ព្យញ្ជនៈចុងវគ្គ មិនអាចតម្រួតគ្នាជា ង្ង យ៉ាងនេះបាន ទេ ប៉ុន្តែអាចតម្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើម គឺ ង្ក ង្ខ ង្គ ង្ឃ បាន ។

ព្យញ្ជនៈតម្រួតកាត់វគ្គ បានដល់ ព្យញ្ជនៈតម្រួតដែលត្រួតឆ្លងចេញពីវគ្គរបស់ខ្លួន មានដូចតទៅនេះ

=>ព្យញ្ជនៈ-កមិនត្រឹមតែត្រួតលើព្យញ្ជនៈតាមវគ្គរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែក្រៅពីវគ្គរបស់ខ្លួន ក៏អាចត្រួតបានដែរ មានន័យថា អក្សរ-កអាចតម្រួតលើព្យញ្ជនៈដទៃទៀតបាន តាមដែលរួបរួមទៅឃើញ ថា អក្សរ-ក អាចត្រួតលើព្យញ្ជនៈ ១៣ តួដទៃទៀត គឺ ង ដ ឌ ទ ន ប ម យ រ ល វ ស អ ឧ. ក្ងក់ ក្តាន់ ក្ឌុំ ក្ទម្ព ក្នុង ក្បង់ ក្មួយ ពាក្យ ក្រាស់ ក្លា ក្សីរ ក្អក ជាដើម  ។

តួ ក សណ្ឋានដូចខ្លួនក្តាម តែងវារទៅតាមទីនានា

ទៅមុខថយក្រោយបានដូចគ្នា ដង្កៀបនៃវាកៀបឈឺក្រៃ ។



=>ព្យញ្ជនៈ-ខដែលត្រួតឆ្លងទៅព្យញ្ជនៈដទៃទៀតមាន ១២ តួ គឺ ច ជ ញ ត ទ ន ព ម យ ល វ ស ដូចជា ខ្ចី ខ្ជិល ខ្ញៀវខ្ញារ ខ្តត ខ្ទេច ខ្នើយ ខ្ពស់ ខ្មៅ ខ្យល់ ខ្លី ខ្វល់ ខ្សោយ  ។

តួ ខ សណ្ឋានដូចគូថខ្យង គួចវិលលើខ្នងល្អប្រពៃ

មានក្បាច់លេចស្នាមដូចស្នាដៃ ពួកជាងគេឆ្នៃទុកឲ្យវា ។



=>ព្យញ្ជនៈ-គ ត្រួតឆ្លងវគ្គលើព្យញ្ជនៈ ៤ តួដទៃទៀត គឺ ន ម រ វ ដូចជា គ្នាន់គ្នេរ គ្មាន គ្រៀវ គ្វាម ។

តួ គ សណ្ឋានក្បាលបង្កង ដែលធំចំបងជាងបង្គា

កើតក្នុងទឹកស្ទឹងបឹងនានា គង្គាទន្លេក៏ច្រើនណាស់ ។



=>ព្យញ្ជនៈ ឃ ត្រួតឆ្លងវគ្គទៅលើព្យញ្ជនៈ ៥ តួដទៃទៀត គឺ ញ ន ម ល វ ដូចជា ឃ្ញើច ឃ្នាប ឃ្មឹល ឃ្លា ឃ្វាល  ។

២.តម្រួតព្យញ្ជនៈវគ្គ ចវគ្គ[ច,ឆ,ជ,ឈ,ញ]   

២.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 

អធិប្បាយថា ច ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ ច បានជាច្ច ,ច ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ ឆបានជា ច្ឆ ហៅឲ្យស្រួលចាំមាត់ថា ច ត្រួតលើ ច, ច ត្រួតលើ ឆ ។ 

២.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ ។ 

អធិប្បាយថា ជ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ ជ បានជា ជ្ជ, ជ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ ឈបានជា ជ្ឈ ហៅឲ្យស្រួលចាំមាត់ថា ជ ត្រួតលើជ, ជ ត្រួត លើឈ  ។ 

២.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។អធិប្បាយថា ញ ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ ញ បានជា ញ្ញ, និងអាចត្រួត លើព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ញ្ច, ញ្ឆ,ញ្ជ,ញ្ឈ ។

=>ព្យញ្ជនៈ ច ត្រួតឆ្លងទៅលើព្យញ្ជនៈ ៤ តួទៀត គឺ ន ប យ រ ដូចជា ច្នៃ ច្បាប់ ច្យុត ច្រូត ។

=>ព្យញ្ជនៈ ឆ ត្រួតឆ្លងទៅលើព្យញ្ជនៈ ១០ តួដទៃទៀត គឺ ក គ ង ដ ន ព ម ល វ អ ដូចជា ឆ្កាង ឆ្គង ឆ្ងាញ់ ឆ្តោរ ឆ្នើម ឆ្ពង់ ឆ្មប ឆ្លង ឆ្វាត់ឆ្វែល ឆ្អាប ។

=>ព្យញ្ជនៈ ជ ត្រួតឆ្លងវគ្គបាន ២ តួ គឺ រ ល ដូចជា ជ្រក ជ្វា ។

=>ព្យញ្ជនៈ ឈ ត្រួតឆ្លងវគ្គបាន ៥ តួ គឺ ង ន ម ល វ ដូចជា ឈ្ងោក ឈ្នះ ឈ្មុស ឈ្លាស ឈ្វេង ។

៣.តម្រួតព្យញ្ជនៈ ដ-វគ្គ[ដ,ឋ,ឌ,ឍ,ណ] 

៣.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 

អធិប្បាយថា ដជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ ដ បានជាដ្ត,ដ ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ ឋ បានជាដ្ឋ ហៅឲ្យស្រួលចាំមាត់ថា ដ ត្រួតលើ ដ, ដ ត្រួតលើ ឋ ។ 

៣.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ ។ 

អធិប្បាយថា ឌ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ ឌ បានជា ឌ្ឌ, ឌ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ ឍបានជា ឌ្ឍ ហៅឲ្យស្រួលចាំមាត់ថា ឌ ត្រួតលើឌ, ឌ ត្រួត លើឍ  ។ 

៣.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 

អធិប្បាយថា ណ ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ ណ បានជា ណ្ណ, និងអាច ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ណ្ត, ណ្ឋ,ណ្ឌ,ញ្ឍ ។

៤.តម្រួតព្យញ្ជនៈ ត-វគ្គ[ត,ថ,ទ,ធ,ន] 

៤.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 

អធិប្បាយថា ត ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ ត បានជាត្ត ,តជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ ថ បានជាត្ថ ហៅឲ្យស្រួលចាំមាត់ថា ត ត្រួតលើ ត, ត ត្រួតលើ ថ ។ 

៤.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ ។ 

អធិប្បាយថា ទ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ ទ បានជា ទ្ទ, ទ ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ ធបានជា ទ្ធ ហៅឲ្យស្រួលចាំមាត់ថា ទ ត្រួតលើទ, ទ ត្រួត លើធ ។ 

៤.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ អធិប្បាយថា ន ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ ន បានជា ន្ន, និងអាចត្រួតលើ ព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ន្ត, ន្ថ,ន្ទ,ន្ធ ។

=>ព្យញ្ជនៈ ត ត្រួតឆ្លងវគ្គបាន ៦ តួ គឺ ប ម រ ល វ អ ដូចជា ត្បាញ ត្មាត ត្រី ត្លែ ត្វាង ត្អូញត្អែរ ។

=>ព្យញ្ជនៈ ថ ត្រួតឆ្លងវគ្គបាន ៨ តួ គឺ ក គ ង ន ព ម ល វ ដូចជា ថ្កល់ ថ្គាម ថ្ងាស ថ្នម ថ្ពក់ ថ្មី ថ្លា ថ្វាយ ។

=>ព្យញ្ជនៈ  ទ ត្រួតឆ្លងវគ្គបាន ២ តួ គឺ រ វ ដូចជា ទ្រទ្រង់ ទ្វារ ។

=>ព្យញ្ជនៈ ធ ត្រួតឆ្លងវគ្គបាន ៦ តួ គឺ ង ន ម យ ល វ ដូចជា ធ្ងន់ ធ្នាក់ ធ្មេញ ធ្យូង ធ្លក ធ្វើ  ។

៥.តម្រួតព្យញ្ជនៈវគ្គ ប-វគ្គ[ប,ផ,ព,ភ,ម] 

៥.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 

អធិប្បាយថា ប ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ ប បានជាប្ប ,ប ជាព្យញ្ជនៈ ទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ ផបានជា ប្ផ ហៅឲ្យស្រួលចាំមាត់ថា ប ត្រួតលើ ប, ប ត្រួតលើ ផ ។ 

៥.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ ។ 

អធិប្បាយថា ព ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ ព បានជា ព្ព(និយមសរសេរ ជាព្វ), ព ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ ភ បានជា ព្ភ ហៅឲ្យស្រួលចាំមាត់ថា ព ត្រួតលើព, ព ត្រួតលើភ  ។ 

៥.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 

អធិប្បាយថា ម ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ ម បានជា ម្ម, និងអាចត្រួតលើ ព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ម្ប,ម្ផ,ម្ព,ម្ភ  ។

=>ព្យញ្ជនៈ ប ត្រួតឆ្លងវគ្គបាន ៤ តួ គឺ ដ រ ល អ ដូចជា ប្តឹង ប្រាប់ ប្លន់ ប្អូន ។

=>ព្យញ្ជនៈ ផ ត្រួតឆ្លងវគ្គបាន ១១ តួ គឺ ក គ ង ច ញ ដ ទ ន ល ស អ ដូចជា ផ្កា ផ្គង ផ្ងារ ផ្ចិតផ្ចង់ ផ្ញើ ផ្តល់ ផ្ទេរ ផ្នួស ផ្លាស់ ផ្សារ ផ្អាប់ ។

=>ព្យញ្ជនៈ ព ត្រួតឆ្លងវគ្គបាន ៦ តួ គឺ ក ន យ រ ល អ ដូចជា ព្កុល ព្នាយ ព្យាយាម ព្រម ព្លុក ព្អឹះ ។

=>ព្យញ្ជនៈ ភ ត្រួតឆ្លងវគ្គបាន ៨ តួ គឺ ង ជ ញ ន ម រ ល ស ដូចជា ភ្ងូត ភ្ជាប់ ភ្ញាក់ ភ្នក ភ្មាស ភ្រមរជាតិ ភ្លេច ភ្សាំ ។

=>ព្យញ្ជនៈ ម ត្រួតឆ្លងវគ្គបាន ១៦ តួ គឺ ក ខ ង ច ជ ញ ដ ទ ន ភ យ រ ល ស ហ អ ដូចជា ម្កាក់ ម្ខាង ម្ង៉ៃ ម្ចាស់ ម្ជូរ ម៉្ញិកម៉្ញក់ ម្តង ម្ទេស ម្នាស់ ម្ភៃ ម៉្យាង ម្រេច ម្លប់ ម្សិល ម្ហូប ម្អម ។

រឿងការយកព្យញ្ជនៈនីមួយៗមកដាក់តម្រួតលើគ្នានេះចាត់ជាចំណេះដឹងពិសេសរបស់ខ្មែរបុរាណ ប្រៀប ដូចជាការយកដុំថ្មផ្ទាំងនីមួយៗមកតម្រួតលើគ្នាដើម្បីកសាងប្រាសាទនានាដូច្នោះ គោលគំនិតយកដុំថ្មមក តម្រួត លើគ្នានេះប្រហែលជាចេញមកពីប្រភពនៃការយកព្យញ្ជនៈតម្រួតលើគ្នានេះឯង ព្រោះសម័យក្រោយៗមក ព្រះរាជារាល់ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ក្នុងការកសាងប្រាសាទដោយការយក ដុំថ្មមកតម្រួតលើគ្នាជា ហូរហែព្រោះហេតុនោះប្រាសាទជាច្រើនទើបដុះព្រោងព្រាតឡើងក្នង ព្រះរាជាណាចក្រខ្មែរ ។

ការដែលកូនខ្មែរសិក្សាអក្សរសាស្ត្រខ្មែរបន្តវេនពីបុព្វបុរសសម័យអតីតកាលចាត់ជាការចាំបាច់ ជាពិសេស គោលគំនិតដែលបុព្វបុរសបានបន្សល់ទុកមកឲ្យយើងទាំងអស់គ្នា ម្យ៉ាងទៀតលើកំពូលប្រាសាទអង្គរវត្ត យើងសង្កេតឃើញថាមានកំពូល ៥, កំពូលទាំង ៥ នេះឯងប្រហែលជាតំណាងឲ្យព្យញ្ជនៈវគ្គទាំង ៥ ទេដឹង ដែលបុព្វបុរសរបស់យើងបានសាងទុកសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយពិចារណា ប្រសិនបើពិតដូច្នោះមែន ការដែលសិក្សាព្យញ្ជនៈតម្រួតទាំង ៥ វគ្គរឹតតែមានអត្ថន័យជ្រាលជ្រៅក្រៃលែងណាស់សម្រាប់ប្រទេស ជាតិ ពីព្រោះថាប្រាសាទកំពូល ៥ ជានិមិត្តរូបនៃប្រទេសជាតិយ៉ាងណា ការសិក្សាព្យញ្ជនៈវគ្គទាំង ៥ ក៏ជាការសិក្សានិមិត្តរូបរបស់ប្រទេសជាតិយ៉ាងនោះដែរ ។

គោលគំនិតតម្រួតចាត់ជាគោលគំនិតរបស់ខ្មែរបុរាណប្រៀបធៀបនឹងគោលធម៌ក្នុងព្រះពុទ្ធសាសនា គឺ គោលបដិច្ចសមុប្បាទ ពោលគឺ គោលអាស្រ័យគ្នានិងគ្នាកើតឡើង អធិប្បាយថា ការដែលប្រាសាទអង្គរវត្ត ជាដើមកើតឡើងព្រោះអាស្រ័យដុំថ្មផ្ទាំងមួយហើយផ្ទាំងមួយទៀតតម្រួតលើគ្នា យ៉ាងណាមិញ ការដែលហៅថា មនុស្សបានព្រោះអាស្រ័យធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ធាតុអាកាស និង វិញ្ញាណធាតុជាគ្រឿងតាក់តែងឡើង ។

បើយើងសង្កេតរូបរាងរបស់មនុស្ស ឃើញថា មាន  ៣ ភាគ ភាគខាងលើហៅថា ក្បាល ភាគកណ្តាល ហៅថា ខ្លួនភាគខាងក្រោម ហៅថា ជើង ប្រការនេះឯងដែលញ៉ាំងឲ្យខ្មែរបុរាណគិតថា ការដែលសាង អក្សរសាស្ត្រនោះត្រូវប្រព្រឹត្តទៅតាមលក្ខណៈធម្មជាតិរបស់មនុស្សដែលមានក្បាល ខ្លួននិងជើង ព្រោះហេតុនោះអក្សរខ្មែរនីមួយៗតែងតែប្រកបដោយលក្ខណៈ ៣ យ៉ាង គឺ ក្បាល (សក់) ខ្លួន និង ជើង ។

ម្យ៉ាងទៀត គោលការណ៍ប្រែប្រួលរបស់ធម្មជាតិទាំងពួងទាំងជីវវត្ថុនិងអជីវវត្ថុ គឺ កើតឡើង(ក្បាល) តាំងនៅ(ខ្លួន) និងរលត់ទៅ(ជើង) គោលខាងដើម ហៅថា កើតឡើង គោលកណ្តាល ហៅថា តាំងនៅ និងគោលខាងចុង ហៅថា រលត់ទៅ ។

ឃើញថា គោលការណ៍ទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងការកើតឡើងនៃអក្សរសាស្ត្រខ្មែរទាំងអស់ ។

សិក្ខាកាមបានឃើញហើយថា ព្យញ្ជនៈវគ្គមាន ២៥ តួ តទៅនេះ នឹងសិក្សាអំពីព្យញ្ជនៈអវគ្គវិញម្តង

ព្យញ្ជនៈអវគ្គ គឺ ព្យញ្ជនៈដែលមិនចាត់ជាវគ្គជាស្នើទេ មាន ១១ តួ គឺ យ រ ល វ ឝ ឞ ស ហ ឡ អ ំ  ។

ព្យញ្ជនៈ ៥ តួដែលអាចត្រួតលើព្យញ្ជនៈដទៃបាន គឺ ល វ ស ហ អ ។

អក្សរ ល មានព្យញ្ជនៈផ្ញើជើង ១១ តួ គឺ  ក ខ គ ង ប ព ម យ វ ហ អ ដូចជា ល្កក់, ល្ខោន, ល្គាយល្គង, ល្ង, ល្បង,ល្ពៅ, ល្មម,ល្យំ,ល្វតល្វន់,ល្ហល្ហេវ,ល្អល្អះ ។

អក្សរ វ មានព្យញ្ជនៈផ្ញើជើង ១ តួ គឺ ហ ដូចជា វ្ហោះវ្ហើយ

អក្សរ ស មានព្យញ្ជនៈផ្ញើជើង ១៩ តួ គឺ ក គ ង ច  ញ ត ដ ថ ទ ន ប ព ម យ រ ល វ ហ អ ដូចជា ស្ករ, ស្គម, ស្ងោរ,អស្ចារ្យ, ស្ញប់ស្ញែង, ស្តឹក, ស្តាប់,ស្ថាបនា,ស្ទាបស្ទង់,ស្និទ្ធស្នាល,ស្បថស្បែ,ស្ពឹក, ស្មោះ, ស្យុល , ស្រុះ,ស្លូត,ស្វិតស្វាញ,ស្ហិចស្ហារ,ស្អិតស្អាង ។

អក្សរ ហ មានព្យញ្ជនៈផ្ញើជើង ៨ តួ គឺ គ ន ម រ ឫ ល វ ស ដូចជា ហ្គេត (get), ហ្នឹង,ហ្មត់ហ្មង,ហ្រ្វាំង, ហ្ឬទ័យ, ហ្លាក់ហ្លាំង, ហ្វូង, ហ្ស៊ីប ។

អក្សរ អ មានព្យញ្ជនៈផ្ញើជើង ៣ តួ គឺ ន វ ហ ដូចជា អ្នក, អ្វី, អ្ហ ! ។

១.មុខងាររបស់ព្យញ្ជនៈ

ព្យញ្ជនៈនីមួយៗមានមុខងារ ៤ យ៉ាង គឺ

១.ធ្វើជាអក្សរដើម ឬ ព្យញ្ជនៈគោល ដូចជា កាន់ ខិត គង់ ឃាត់ ងងើល ចង់ ។ល។  ក ខ គ ឃ ង ច ហៅថា ព្យញ្ជនៈគោល។

២.ធ្វើជាអក្សរសង្កត់ ឬ ព្យញ្ជនៈសង្កត់ ដូចជា កាន់ កាក់ កង គាត់  ។ល។ ន ក ង ត ហៅថា ព្យញ្ជនៈសង្កត់ ។

៣.ធ្វើជាអក្សរតម្រួត ឬ ព្យញ្ជនៈតម្រួត ដូចជា ក្នុង ខ្នង គ្នា ឃ្មុំ ។ល។ ក ខ គ ឃ ហៅថា ព្យញ្ជនៈតម្រួត ។

៤.ធ្វើជាអក្សរសង្ខេប ឬ ព្យញ្ជនៈសង្ខេប ដូចជា ព.ស. គ.ស. ភ.ព. ។ល។ ព.ស. គ.ស. ភ.ព. ហៅថា ព្យញ្ជនៈសង្ខេបព្រោះ ព.ស. មកពីពាក្យថា ពុទ្ធសករាជ, គ.ស. មកពីពាក្យថា គ្រិស្តសករាជ, ភ.ព. មកពីពាក្យថា ភ្នំពេញ ។

មាត្រាអក្សរសង្កត់ក្នុងភាសាខ្មែរមាន ១៣ មាត្រា គឺ

មាត្រា-ក

មាត្រា-ង

មាត្រា-ច

មាត្រា-ញ 

មាត្រា-ត 

មាត្រា-ន

មាត្រា-ប

មាត្រា-ម 

មាត្រា-យ 

មាត្រា-រ

មាត្រា-ល 

មាត្រា-វ 

មាត្រា-ស

១.មាត្រា-ក ប្រកបដោយអក្សរសង្កត់ ១០ តួ គឺ ក ខ គ ឃ ក្ខ គ្គ  ក្តិ ក្រ ក្យ ក្ស  

លោក អានថា លោក

សុខ អានថា សុក

ភោគ អានថា ភោក

មេឃ អានថា មេក (ខ្លះអានឃ្លាងថា មេច)

ទុក្ខ អានថា ទុក

ឧបសគ្គ អានថា ឧ-បៈ-ស័ក

សក្តិ អានថា ស័ក

ចក្រ អានថា ច័ក

ពាក្យ អានថា ពាក

អនុរក្ស អានថា អៈ-នុ-រ័ក

២.មាត្រា-ង ប្រកបដោយអក្សរសង្កត់ ៤ តួ គឺ ង ង្គ ង្ឃ ង្ស

សាង អានថា សាង

អង្គ អានថា អង់

សង្ឃ អានថា សង់

វង្ស អានថា វង់

៣.មាត្រា-ច ប្រកបដោយអក្សរសង្កត់ ៦ តួ គឺ ច  ជ  ច្ច ជ្ជ ជ្យ ជ្រ

សម្រេច អានថា សំ-រ៉េច ឬ សំ-រ៉ាច់

គជ អានថា គច់

កិច្ច អានថា កិច

ពាណិជ្ជ អានថា ពា-និច

រាជ្យ អានថា រាច

ពេជ្រ អានថា ពេច

៤.មាត្រា-ញ ប្រកបដោយអក្សរសង្កត់ ៣ តួ គឺ ញ ញ្ច ញ្ញ ។

ចេញ អានថា ចេញ

ប្រវ័ញ្ច អានថា ប្រវ័ញ

សុញ្ញ អានថា សុញ

៥.មាត្រា-ត ប្រកបដោយអក្សរសង្កត់ ២៤ តួ គឺ ត ថ ទ ធ ដ ឋ ឌ ឍ ត្ត ត្តិ តិ តុ  ត្យ ត្រ ត្ន ត្វ ទ្ទ ទ្រ ទ្យ ទ្ធ ទ្ធិ ដ្ឋ ដ្ត ឌ្ឍ 

កត់ អានថា កត់

លោកនាថ អានថា លោ-កៈ-នាត

បាទ អានថា បាត

អាពាធ អានថា អា-ពាត

ប្រាកដ អានថា ប្រា-កត់

បាឋ អានថា បាត

មាឌ អានថា មាត

លិឍ អានថា លិត

វត្ត អានថា វ័ត

វិបត្តិ អានថា វិ-ប័ត

ជាតិ អានថា ជាត

ហេតុ អានថា ហេត

ពិនិត្យ អានថា ពិ-និត

សញ្ញាបត្រ អានថា ស័ញ-ញ៉ា-ប័ត

ប្រយ័ត្ន អានថា ប្រ-យ័ត

សត្វ អានថា ស័ត

សមុទ្រ អានថា សៈ-ម៉ុត

សមុទ្ទ អានថា សៈ-ម៉ុត

វាទអាទ្យ អានថា វាត-អាត

សុទ្ធ អានថា សុត

សិទ្ធិ អានថា ស៊ិត

រដ្ឋ អានថា រ័ត

សង្សារវដ្ត អានថា ស័ង-សា-រៈ-វ័ត

អភិវឌ្ឍ អានថា អៈ-ភិ-វ័ត

៦.មាត្រា-ន ប្រកបដោយអក្សរសង្កត់ ១០ តួ គឺ ន ណ ន្ត ន្ទ ន្ធ ន្ន  ន្ទ្រ ណ្ឌ ណ្ណ ណ្យ

កាន់ អានថា កាន់

ញាណ អានថា ញាន

ភ័ន្តភាំង អានថា ភ័ន-ភ័ង

ភូមិន្ទ អានថា ភូ-មិន

ប្រពន្ធ អានថា ប្រ-ពន់

អាសន្ន អានថា អាសន់

ភូបេន្ទ្រ អានថា ភូ-បេន

យុទ្ធភណ្ឌ អានថា យុត-ធៈ-ភ័ន

សិលាចុណ្ណ អានថា សិ-ល៉ា-ចុន

បុណ្យ អានថា បុន

៧.មាត្រា-ប ប្រកបដោយអក្សរសង្កត់ ៥ តួ គឺ ប ព ព្ទ ព្យ ព្វ

រូបភាព អានថា រូប-ភាប

ទូរសព្ទ អានថា ទូ-រៈ-ស័ប

ទ្រព្យ អានថា ទ្រប់

ប្រសព្វ អានថា ប្រ-សប់

៨.មាត្រា-ម ប្រកបដោយអក្សរសង្កត់ ៤ តួ គឺ ម មិ ម្ព ម្ម

ហាម អានថា ហាម

ភូមិ អានថា ភូម

ពុម្ព អានថា ពុម

កម្ម អានថា ក័ម

៩.មាត្រា-យ ប្រកបដោយអក្សរសង្កត់ ៣ តួ គឺ យ ៃ យ្យ

ហើយ អានថា ហើយ

សម័យ អានថា សៈម័យ

ដៃ អានថា ដ័យ

អធិបតេយ្យ អានថា អៈធិ-ប៉ៈត័យ

១០.មាត្រា-រ ចែកជា ២ ប្រភេទ គឺ

១០.១ មូគព្យញ្ជនៈ អក្សរគ មិនរងការសង្កត់ពីព្យញ្ជនៈមុខ

ការ អានថា កា

 ងារ អានថា ងា

សូរ អានថា សូ

ទារ អានថា ទា

សម្បូរ អានថា សំ-បូ

អស្ចារ្យ អានថា អស់-ចា

១០.២ បញ្ចេញសម្លេងជាអក្សរ-ល កាលបើនៅក្រោយស្រៈខី្ល អុ

ខ្នុរ អានថា ខ្នុល

ខ្ពុរ អានថា ខ្ពុល

កណ្តុរ អានថា កន់-ដុល

សម្បុរ អានថា សំ-បុល

១១.មាត្រា-ល ប្រកបដោយអក្សរសង្កត់ ២ តួ គឺ ល ឡ

វាល អានថា វាល

សត្វវាឡ អានថា ស័ត-វាល

១២.មាត្រា-វ ប្រកបដោយអក្សរសង្កត់ ១ តួ គឺ វ 

ស្រូវ អានថា ស្រូវ

១៣.មាត្រា-ស ប្រកបដោយអក្សរសង្កត់ ៤ តួ គឺ ស ស្តុ ស្ត្រ ស្ស 

ស្រស់ អានថា ស្រស់

ភស្តុតាង អានថា ភ័ស-តាង

វិទ្យាសាស្ត្រ អានថា វិត-ទ្យា-សាស់

សម្ផស្ស អានថា សំភ័ស

 

ព្យញ្ជនៈអក្សរខ្មែរធៀបនឹងអង់គ្លេស

ព្យញ្ជនៈដើម(initials) 

ក =K, ខ =Kh, គ=G, ឃ=Gh, ង=Ng

ច=Ch, ឆ=Chh ជ=J, ឈ=Jh, ញ=Nh

ដ=D,  ឋ=Th, ឌ=D, ឍ=Th, ណ=N

ត= T, ថ=Th, ទ=T, ធ=Th,Dh, ន=N

ប=B, ផ=Ph, ព=P, ភ=Ph, Bh, ម=M

យ=Y, រ=R,  ល=L, វ=V,W ស=S, ហ=H, ឡ=L, អ=A

អ=A, អា=AA,  ឥ=I ឦ=Yi,  ឧ=U ឩ=UU, ឯ=E, AE ឱ=O, ឰ=AI ឫ=RI ឬ=RU ឭ=LI ឮ=LEU ឪ =AO

ព្យញ្ជនៈសង្កត់(finals)

 ក=k

ង=ng

ច=ch

ញ=nh 

ត =t

ន=n

ប=b

ម =m

យ =y

រ=r

ល =l

វ =v,w

ស=s

ស្រៈ ២៤ តួក្នុងភាសាខ្មែរ 

ៈ=a' កសិករ ka'sekor 

 ា=a,ea Ka=កា, Gea=គា   Kea =កៀ 

 ិ=i, e,i'

ី=ee,ei,ey,i 

ឺ=oe

ឹ=eu

ុ=o,u,u'

ូ=ou,oo,u

ួ=ua,uo

ើ=oe,oeu,

ឿ=oeur

ៀ=ea, ie,ia ចៀស=Cheas  

េ=e កេ=Ke គេ=Ge 

ែ=ae, e កែ=kae គែ=Gae

ៃ=ai,ei  dai=ដៃ, ទៃ=Tei ័យ=ey, ay jey =ជ័យ វិស័យ=visay 

ោ=o,or កោ=Ko គោ=Gor

ៅ=ao,eou កៅ=Kao ទៅ=Teou  

ុំ=om,um កុំ=kom គុំ=Gum 

ំ=am,oum សំណាង =Samnaang, គំនាប់=Goumneab

ាំ=am, oam ចាំ=Choam នាំ=noam 

ះ=ah,eah, ាស់=as សះ =Sah, ជះ=Jeah, ចាស់=Chas 

 ិះ=ih, Jih=ជិះ ិស=is Vis =វិស

ុះ=ouh, uh ចុះ=Chouh ជុះ=Juh  ុស=ous,us សុស =Sous, Virus=វិរុស 

  េះ=eh, ចេះ=Cheh, េស=es សេស Ses

ោះ= oh,uoh កោះ=Koh, គោះ=Guoh  

អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អៅ អុំ អំ អាំ អះ អិះ អុះ អេះ អោះ 

 ប្រយោគតួយ៉ាង

សម្រាប់ការរស់នៅលើលោកនេះ មនុស្សត្រូវការបច្ច័យ ៤ ដើម្បីញ៉ាំងជីវិត នេះឲ្យប្រព្រឹត្ត ទៅ 

Samraab Kaar Ros Nao Loe Louk Nih Manus Trouv Kaar pacchay Buon Doembei Nhaang Jeevit Nih Oy Broprit Teou.

ហេតុនោះ មនុស្សទើបស្វែងរកដោយមុខរបរដែលសុចរិត

Het Nuh Manus Toeb Svaeng Rok Doy Muk Robor Socharit.

ការបួសជាកុសលោបាយដ៏ប្រពៃក្នុងការបណ្តុះសីលធម៌ក្នុងចិត្តរបស់កុលបុត្រ

Kaar Buos Jea Kosalobaay Dor Bropei Knong kaar Bandoh Seiladhor Knong Chet Robos Kolabot. 

រហូតដល់ក្លាយជាប្រព្រៃណីថា កុលបុត្រខ្មែរកាលបើដល់អាយុសមគួរហើយ ត្រូវចូលពិធីបព្វជ្ជា ឬ ឧបសម្បទា ដើម្បីសិក្សាពុទ្ធធម៌ សន្សំបុណ្យបារមី និង តបស្នងសងគុណរបស់បុព្វការី ។

Rohout Dol Klaay Chea Bropeinee Thaa Kolabot Khmer Kaalboe Dol AAyu Samguar Hoey Trouv Choul Pithee babphachea Ru Upasampatea Doembei  Soeksaa Puddhadhor Sansam Bonh Baaramei Noeng Tob Snong Song Gon Robos Bobphakarei. 

  ៥.សព្ទដែលមានព្យញ្ជនៈតម្រួតនៅខាងចុង មិនបាច់ដាក់សំយោគសញ្ញាទៀតទេ ប៉ុន្តែ​ពេល​អាន ត្រូវអានដូចជាមានសំយោគសញ្ញា 

ឧ. ភេសជ្ជ អានថា ភេ-ស័ច 

បត្រ     អានថា ប័ត

បណ្ណ    អានថា ប័ន 

ខន្ធ       អានថា ខ័ន 

សព្ទ      អានថា ស័ប

ភព្វ        អានថា ភ័ប

សត្វ       អានថា ស័ត

សព្វ      អានថា​ ស័ប

កម្ម        អានថា ក័ម 

ញត្តិ       អានថា ញ័ត 

អនុរក្ស    អានថា អៈនុរ័ក

សាមញ្ញ   អានថា សាម័ញ 

៦.សព្ទដើមដែលតភ្ជាប់នឹងសព្ទចុងក្លាយជាសព្ទផ្សំ ឬ សព្ទសមាស មិនបាច់ដាក់សំយោគ​សញ្ញាត្រង់សព្ទដើមទេ ប៉ុន្តែត្រូវអានដូចជាមានសំយោគសញ្ញា

សញ្ញាបត្រ អានថា ស័ញ-ញ៉ា-ប័ត 

វិញ្ញាបនបត្រ អានថា វិញ-ញា-ប៉ៈ-ណៈ-ប័ត

អាមន្តនបត្រ អានថា អា-ម៉័ន-តៈ-ណៈ-ប័ត

សច្ចធម៌ អានថា ស័ច-ចៈ-ធ

ធម្មនុញ្ញ អានថា​ ធ័ម-មៈ-នុញ 

រដ្ឋមន្រ្តី អានថា រ័ត-ថៈ-ម៉័ន-ត្រី

៧.សព្ទដើមដែលជាអ-ការន្តតភ្ជាប់នឹងសព្ទចុងមិនបាច់ដាក់យុគលពិន្ទុទេ ប៉ុន្តែពេលអានត្រូវអានដូចជាមានសម្លេងយុគលពិន្ទុ [ ៈ ]

ឧ. ឥណទានបត្រ អានថា អិ-ណៈ-ទា-នៈ-ប័ត

កុសលធម៌ អានថា កុ-សៈ-លៈធ

ទូរសព្ទ អានថា ទូ-រៈ-ស័ប

ធនបត្រ អានថា​ ធៈនៈប័ត

 សភាវធម៌ អានថា សៈ-ភា-វៈ-ធ

៨.សព្ទបាលីដែលមិនមែនជាព្យញ្ជនៈតម្រួត ត្រូវដាក់សំយោគសញ្ញា

វយ > វ័យ

សមយ >  សម័យ 

វិនយ >  វិន័យ 

នយ >  ន័យ 

វិសយ > វិស័យ 

អាលយ > អាល័យ 

Share on Google Plus

About Unknown

0 comments:

Post a Comment