អរិយ​សច្ចៈ​, ទ្រឹស្តី​កំពូល​របស់​ព្រះពុទ្ធសាសនា


អរិយ​សច្ចៈ​  ទ្រឹស្តី​កំពូល​របស់​ព្រះពុទ្ធសាសនា


ក្នុង​ព្រះពុទ្ធសាសនា​ ទ្រឹស្តី​អរិយ​សច្ចៈ គឺជា​ទ្រឹស្តី​កំពូល​មួយ ។ អរិយ​សច្ចៈ មានន័យថា សេចក្តី​ពិត​ដ៏​ប្រសើរ ដ៏​ខ្ពង់ខ្ពស់ ។ ​អរិយ​សច្ចៈ ដែល​ព្រះពុទ្ធ​បាន​ពិចារណា​ មាន​បួ​នប្រការ ហៅថា ចតុរាអរិយ​សច្ចៈ


១- ទុក្ខ​អរិយ​សច្ចៈ​


២- សមុទយ​អរិយ​សច្ចៈ​


៣- និ​រោធអរិយ​សច្ចៈ​


៤- មគ្គ​អរិយ​សច្ចៈ ។​


១.ទុក្ខ​អរិយ​សច្ចៈ : គឺជា​សេចក្តី​ទុក្ខ​ពិត​ដែល​កើតមាន​ដល់​មនុស្សសត្វ​គ្រប់​រូប ហើយ​ពុំ​អាច​ចៀស ផុត​ឡើយគ្រាន់តែ​ខុសគ្នា​ត្រង់​អ្នក​ខ្លះ​មានទុក្ខ​តិច អ្នកខ្លះ​ទៀត​មានទុក្ខ​ច្រើន​ប៉ុណ្ណោះ ។ចំពោះ​ទុក្ខ ​របស់​មនុស្ស​មាន​បួន​ធំៗ​គឺ :

– ជាតិ​ទុក្ខ : ទុក្ខ​ព្រោះ​មាន​កំណើត​តាំងពី​ផ្ទៃ​ម្តាយ​មកម្ល៉េះ​

– ព្យាធិ​ទុក្ខ : ទុក្ខ​ព្រោះ​មាន​ជំងឺ​ផ្សេងៗ​មក​បៀតបៀន​

– ជរា​ទុក្ខ : ទុក្ខ​ព្រោះ​ចាស់ ជរា ​ទ្រុឌទ្រោម​

– មរណទុក្ខ : ​ទុក្ខ​ព្រោះ​សេចក្តីស្លាប់​ឈាន​ចូល​មក​ដល់​ ​មាន​ការឈឺចាប់ ឬ មានការ​ពិ​បាក​ខ្លាំង​មុនពេល​ស្លាប់​ ។​

២. សមុទយ​អរិយ​សច្ចៈ : គឺជា​សច​ក្តី​ពិតដែល​កើតឡើង​មក​អំពី​ហេតុ ឬមាន​ឫសគល់​យ៉ាង​ពិត ប្រាកដ ។ ឯ​ហេតុដែល​នាំឲ្យ​មាន​ទុក្ខ​មាន​ធំៗ​ពីរ​គឺ :

១ ទុក្ខ​ព្រោះ​អវិជ្ជា ដោយ​អវិជ្ជា​គឺ ជា​សេចក្តី​ល្ងង់ខ្លៅ ឬ មិនដឹង​ មិន​យល់​នូវ​ហេតុ​ដែល​នាំ​ឲ្យ​កើតទុក្ខ ។ អវិជ្ជា​នេះ​នាំឲ្យ​កើត​មាន​តណ្ហា​ឡើង ។

២ ទុក្ខ​ព្រោះ​តណ្ហា ដោយ​តណ្ហា​គឺជា​សេចក្តីស្រេកឃ្លាន សេចក្តីប្រាថ្នា សេចក្តី ​លោភ​លន់​ ចង់មាន ចង់បាន​អ្វីៗ​គ្រប់បែបយ៉ាង មិនចេះ​ឆ្អែត​មិនចេះចប់ ។ តណ្ហា​ជា​ប្រភព ឬ​ជា​ឫសគល់​ចម្បង​ដែល​នាំ​ឲ្យ​កើតទុក្ខ​គ្រប់ប្រការ ហើយ​នាំឲ្យ​មាន​កំណើត​ថ្មី​បន្ត​គ្នា​មិន​ដាច់ ។​

៣- និរោធ​អរិយ​សច្ចៈ : គឺ​ការ​រួច​ស្រឡះ ឬ ការ​រំលត់ទុក្ខ​ជា​សេចក្តី​ពិត ។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ថា ទី​ដែល​រួច​ចាក​ផុត​ទុក្ខ គឺ​និព្វាន ។ ដើម្បី​រំលត់​ឲ្យបាន​អស់រលីង​នោះ ​យើង​ត្រូវ​បំបាត់​អវិជ្ជា​ រំលីង​ឫសគល់​នៃ​ទុក្ខ​ គឺ​បំបាត់​អវិជ្ជា និង​រំលាយ​តណ្ហា។

​នៅក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ធ្វើការ​រំលត់​ទុក្ខ គឺ​ត្រូវ​ប្រតិ​ប​តិ្ត​ដូចខាងក្រោម :

៤- មគ្គ​អរិយ​សច្ចៈ : គឺជា​ផ្លូវ ឬ មធ្យោបាយ​នាំ​ឲ្យ​ផុត​ចាក​ទុក្ខ គឺ​សេចក្តី​ពិត ។ ដើម្បី​រំលត់ទុក្ខ ហើយ​ទៅ​ដល់​និព្វាន ព្រះពុទ្ធ​បានបញ្ជាក់​ថា ការប្រកាន់​យក​ផ្លូវកណ្តាល ហើយ​ប្រកាន់​ប្រតិបត្តិ​យ៉ាង​ខា្ជប់ខ្ជួន​នូវម​គ្គ​ទាំង ៨ នោះ​គឺ :

១ សម្មា​ទិដ្ឋិ : ការយល់ឃើញ​ត្រូវ គឺ​ការយល់ឃើញ​ពិត​នូវ​សភាវធម៌​ទាំងពួង​

២ សម្មា​សង្កប្ប : ការ​ត្រិះរិះ​ត្រូវ គឺ​ការ​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ មិន​បៀតបៀន ចំពោះ​មនុស្ស​សត្វ​ទូទៅ ។ ការ​ត្រិះរិះ​ត្រឹមត្រូវ​នាំ​ឲ្យ​មនុស្ស​ជួប​នូវ​ផល​ល្អ និង​ទទួលបាន​នូវ​សេចក្តីសុខ​ចម្រុងចម្រើន ។​

៣ សម្មា​វាចា : ការនិយាយ​ត្រឹមត្រូវ គឺ​ការប្រើ​ពាក្យ​សម្តី​ត្រឹមត្រូវ ​វៀរចាក​ការប្រព្រឹត្តិ​អាក្រក់ ​ដោយ​ការនិយាយស្តី​បួន​យ៉ាង :

៙ មុសា​វាទ ពាក្យ​មិន​ពិត ឬ និយាយ​កុហក​

៙ បិ​សុនា​វាទ ពាក្យ​និយាយ​ស៊កសៀត​ញុះញង់​បំបែកបំបាក់​

៙ ផរុសវាទ ពាក្យ​ជេរប្រទេច ​តិះដៀល​ដៀមដាម​

៙​សម្ផសប្ប​វា​ទ ពាក្យ​ឡេះឡោះ​ក្លែង​សើច​លេង​ឥតប្រយោជន៍​

៤ សម្មាក​ម្មន្ត គឺ​ជា​ទង្វើ​ត្រឹមត្រូវ​ ការងារ​ត្រឹមត្រូវ គឺ​ប្រព្រឹត្ត​ល្អ​ វៀរ​ចាក​កាយទុច្ចរិត​បីយ៉ាង :

– បា​ណ ​(​ការ​សម្លាប់សត្វមានជីវិត​)

– អទិន្ន​ (​ការ​លួ​ចទ្រព្យ​អ្នកដទៃ​)

– កា​មេ​(​ការប្រព្រឹត្តិ​ខុស​តាមផ្លូវ​កាម ឬ​រួម​ភេទ​ជា​ប្តី​ប្រពន្ធ កូន​អ្នក​ដទៃ​ដែល​មាន​គេ​ហួង​ហែង​ថែរក្សា​) ។​

៥ សម្មា​អាជីវ : គឺ​ការប្រកប​របរ​ទទួល​ទាន​ត្រឹមត្រូវ គឺ​វៀរចាក​ការ​ចិញ្ចឹមជីវិត​ខុស​គន្លង​ធម៌​ ដូចជា លួច ប្លន់ ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ធ្វើ​ជំនួញ​ខុសច្បាប់​រដ្ឋ និង​ច្បាប់​ប្រពៃណី​ជា​ដើម ។​

៦ សម្មាវាយាម​ : គឺ​ការព្យាយាម​ត្រឹមត្រូវ គឺ​ការព្យាយាម​ខាង​ផ្លូវ​ចិត្តគំនិត ដូចជា​ការការពារ​មិនឲ្យ​មាន​អំពើ​បាប ឬ អកុសល​ដែល​នាំឲ្យ​មាន​ភាព​សៅហ្មង​ក្នុង​សន្តាន​ចិត្ត ។​

៧ សម្មា​សតិ : គឺ​ការ​ភ្ញាក់រលឹក​ត្រឹមត្រូវ ( ឬ ការនឹកឃើញ​ត្រឹមត្រូវ​ ការចងចាំ​បានល្អ) និង​ដឹងខ្លួន​ជានិច្ច ។ សតិ​ល្អ​ ប្រៀប​ដូចជា​ឆ្មាំទ្វារ​ដ៏​ល្អ​ក្នុង​ការឃ្លាំមើល និង​ការពារ​កុំឲ្យ​គ្រឿង​វិញ្ញាណមាន : ភ្នែក ត្រចៀក អណ្តាត ច្រមុះ កាយ​ទទួល​អារម្មណ៍​អាក្រក់​បាន ។​

៨ សម្មា​សមាធិ : ការធ្វើ​សមាធិ​ត្រឹមត្រូវ គឺ​ការ​ចម្រើន​ភាវនា ដើម្បី​តម្កល់ចិត្ត​ឲ្យ​នឹង​មិន​ឲ្យ​រវើរវាយ​ អណ្តែត​អណ្តូ​ង ពោលគឺ​តាំងចិត្ត​ឲ្យ​ស៊ប់ក្នុង​អារម្មណ៍​តែមួយ ។​

​ផ្លូវ ឬ មធ្យោបាយ​ទាំង​ប្រាំបី​ខាងលើនេះ បង្រួម​បាន​ដល់​(​សីល សម្មា​ធិ បញ្ញា​) ៕




ដកស្រង់ដោយភិក្ខុ អកក្ខឡោ ថាច់ភឿកអាង
Share on Google Plus

About Unknown

0 comments:

Post a Comment